មនុស្ស​មាន៥​ជំពូក

.មនុស្ស​ទេ​វោ មនុស្ស​ចិត្ត​ជា​ទេវតា មនុស្ស​ដែល​មាន​ចិត្ត​ខ្មាស​បាន​ ខ្លាច​បាប សភាព​នៃ​មនុស្ស​ដែល​មាន​ចិត្ត​ស្នើ​ មិន​ឆេវឆាវ​មិន​ក្រេវ​ក្រោធ​កាយ​វាចា​ចិត្ត​ល្អ។ ចែក​រំលែក​សេចក្ដី​សុខ​ដល់​អ្នក​ដទៃ​ ជួយ​អ្នក​ដទៃ​ឲ្យ​បាន​សុខ​។ មិន​ជាប់​ជំពាក់​ក្នុង​អបាយ​មុខ​។ មាន​សីល​៥​ជានិច្ច។


.មនុស្ស​មនុស្សោ មនុស្ស​ចិត្ត​ជា​មនុស្ស ធ្វើ​បាន​ផង បុណ្យ​ផង សញ្ញា​មនុស្ស​មាន​៤​គឺ​ ១-​កាម​សញ្ញា ការ​សម្គាល់​ក្នុង​កាម ២-​គោចរ​សញ្ញា​ការ​ចង​ចាំ​ពេល​វេលា ៣-​មរណ​សញ្ញា ការ​ចង​ចាំ​សេចក្ដី​ស្លាប់​ មាន​ការ​ភ័យ​ក្នុង​ស្លាប់ និង ៤-​ធម្មសញ្ញា ការ​ចេះ​ថ្លឹង​ថ្លែង​ល្អ ឬ​អាក្រក់​។ ជា​ប្រភេទ​មនុស្ស​កណ្ដាល​ ជួន​កាល​អាច​កសាង​ខ្លួន​ជា​មនុស្ស​ទេវោ​ ជួនកាល​ជា​មនុស្ស​បេតោ​។​ បុណ្យ​ក៏​ធ្វើ​ ឈើ​ក៏​កាប់​ សត្វ​ក៏​សម្លាប់ ច្បាប់​ក៏​ជួន​គោរព​ជួន​មិន​គោរព​ មាន​ចិត្ត​ពុតត្បុត​ច្រើន។ បើ​កាល​ជា​មន្ត្រី​ពុករលួយ​អាច​កែ​ប្រែ​បាន និង​អាច​កែ​មិន​បាន អាស្រ័យ​ការ​សេព​គប់ តាម​ឱកាស​និង​ពេល​វេលា​។ សីលធម៌​ជា​មធ្យម​ពេល​ខ្លះ​មាន​សីល​ពេល​ខ្លះ​ដាច់​សីល។


-មនុស្ស​បេ​តោ មនុស្ស​ចិត្ត​ជា​ប្រេត ដែល​មាន​តែ​សេចក្ដី​ស្រេក​ឃ្លាន​ជានិច្ច​ប្រហាក់ប្រហែល​ប្រេត​ដែរ។ ពពួក​មនុស្ស​ចូលចិត្ត​ការ​ផឹកស៊ី​ អបាយ​មុខ​(ស្រី ស្រា ល្បែង ដើរ​លេង​សប្បាយ​ភ្លើត​ភ្លើន អំណួត​អួតអាង បង្ក​ទុក្ខ​ភ័យ​ឲ្យ​ខ្លួនឯង​និង​អ្នកដទៃ។ មាន​សេចក្ដី​ប្រមាថ​ ប្រមាថ​ខ្លួន​ឯង​ និង​ប្រមាថ​អ្នកដទៃ ដោយ​ភាព​ស្រវឹង​នឹង​បុណ្យស័ក្ដិ (បើ​ជា​មន្ត្រី​ក្លាយ​ជា​មន្ត្រី​ ពុករលួយ)បម្រើ​ឲ្យ​ការ​សប្បាយ​ជា​ធំ​ មិន​ខ្វល់​ពី​ទុក្ខ​លំបាក​អ្នក​ដទៃ​ លោភ​លន់​ មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ផ្លូវ​អាក្រក់។ ប្រេត មាន​ច្រើន​ប្រភេទ ពួក​ខ្លះ​មាន​ឫទ្ធិ មាន​អំណាច​ អាច​បណ្ដាល​ ឲ្យ​ឃើញ​វត្ថុ​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​បាន។


-មនុស្ស​តិរច្ឆានោ មនុស្ស​ចិត្ត​ជា​តិរច្ឆាន មនុស្ស​ដែល​កំពុង​សន្សំ​បាប​កម្ម ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង ដែល​ជា​ប្រភេទ​មនុស្ស​ព្រៃផ្សៃ​ជាង​គេ។ សត្វតិរច្ឆាន​មាន​តែ​សញ្ញា​៣​គឺ​ កាម​សញ្ញា គោចរ​សញ្ញា មរណ​សញ្ញា​ មិន​មាន​ធម្ម​សញ្ញា​ទេ។ ជា​ប្រភេទ​មនុស្ស​គ្មាន​ធម៌​ក្នុង​ខ្លួន។ ប្រភេទ​មនុស្ស​ចូលចិត្ត​ដើរ​លេង​ច្រើន​ស្វែង​រក​ការ​សប្បាយ​រំលោភ​បំពាន​ប្រើ​អំណាច​លើ​អ្នកដទៃ មិន​ស្គាល់​កូន​ប្រពន្ធ​ខ្លួនឯង​ឬ​អ្នក​ដទៃ​កាប់​សម្លាប់​ចាប់​រំលោភ​ជា​ដើម។


-​មនុស្ស​និរយោ​ ចិត្ត​ជា​នរក មិច្ឆាទិដ្ឋិ ការ​ប្រព្រឹត្ត​ ប្រមាថ​ មើល​ងាយ​ ដល់​អ្នក​ទ្រទ្រង់ សីល មាន​ភិក្ខុសង្ឃ​ជា​ដើម។ ពួក​ព្រាយ​បិសាច អាប​ធ្មប់ ក៏​គេ​ហៅ​ថា​ ជា​ពពួក​អសុរកាយ​ ដែរ។ ពួក​ជន​ខ្លះ​ការ​ទាស់ចិត្ត​ បាន​ធ្វើ​ឲ្យ​អន្តរាយ​ ដល់​ទាន​ដោយ​នាំ​គ្នា​ស៊ី​ទេយ្យធម៌​ខ្លួន​ឯង និង​ធ្វើ​ការ​ ដុត​រោង​ទាន ជន​ទាំង​នោះ​កាល​ស្លាប់​ហើយ​ទៅ​កើត​ក្នុង​នរក អស់​កាល​ក៏​យូរ​ ពួកគេ​ស្លាប់​ពី​នរក​ហើយ​ កើត​ជា​សត្វ​ប្រេត។

Comments

Popular posts from this blog

ចរិត​របស់​មនុស្ស​ធៀប​នឹង​សត្វ​បួន​យ៉ាង